កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំប្រឡងបវរកញ្ញា ពិភពលោក Miss Global 2017
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោក គឺកម្មវិធីប្រឡងបវរកញ្ញា ពិភពលោក Miss Global 2017 នៅចុងឆ្នាំនេះ។ ព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើល និងជាទីមោទនៈនេះ នឹងអាចជំរុញវិស័យទេសចរណ៍ នៅកម្ពុជាកាន់តែខ្លាំង និងបង្ហាញពីមុខមាត់ របស់ប្រទេសកម្ពុជាក្នុងឆាកអន្តរជាតិ ។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ កក្កដា មុននេះនៅក្នុងវេទិកាសន្និសីទសារព័ត៌មាន នាសណ្ឋាគារហ៊ីម៉ាវ៉ារី ក្រោមវត្តអ្នកផលិតកម្មវិធី និងមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។
លោក Ratanak Roth Oeurn ដែលជាអ្នកសម្របសម្រួលកម្មវិធី ខាងលើបានបញ្ជាក់ថា ព្រឹត្តិការណ៍ Miss Global ត្រូវបានរៀបចំ៤លើកមកហើយ ដោយលើកទី៥ក្នុងឆ្នាំ២០០៧នេះ គឺសម្រេចធ្វើឡើងនៅប្រទេសកម្ពុជា។លោកបញ្ជាក់ដែរថា កម្មវិធីព្រឹត្តិការណ៍ប្រឡង បវរកញ្ញាពិភពលោក Miss Global 2017 នឹងត្រូវចំណាយថវិការប្រមាណ ៥០ម៉ឺនដុល្លារអាមេរិក ដែលការចំណាយ មានការរួមចំណែក ពីក្រុមហ៊ុនដៃគូជាច្រើន ចូលរួម។
លោកថា ក្រុមការងារព្យាយាមសម្របសម្រួល ឲ្យគណកម្មការរៀបចំកម្មវិធី មកពិនិត្យមើលលទ្ធភាពនៅកម្ពុជា ហើយក្រោយពិនិត្យ និងស្វែងយល់គឺកម្ពុជាអាចមានលទ្ធភាព គ្រប់គ្រាន់ក្នុងការរៀបចំបាន។លោកថា អ្វីដែលជាកត្តាសំខាន់គឺសន្តិសុខ សុវត្ថិភាព និងសមត្ថភាពរបស់អ្នកផលិតកម្មវិធី នៅកម្ពុជាផងដែរ។ព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើង នៅថ្ងៃទី១ វិច្ឆិកា ដោយការប្រកួតធំនឹងត្រូវធ្វើឡើង នៅថ្ងៃទី១៨ វិច្ឆិកា។
កញ្ញាឯកតំណាងឲ្យពី៧០ទៅ៨០ប្រទេស នឹងបង្ហាញខ្លួនប្រកួតប្រជែង នៅក្នុងប្រទេសកម្ពុជា ដោយគណកម្មការមានការរំពឹងថា វត្តមានប្រកួតប្រជែងរបស់ Miss Global ពិភពលោកនេះ គឺពិតជាធ្វើឲ្យកម្ពុជា កាន់តែមានមោទនភាព និងចំណេញផ្នែកទេសចរណ៍មកកម្ពុជា។
ហេីយព្រឹត្តិការណ៍នេះ ប្រកាសផ្សាយផ្ទាល់នៅលើទូរទស្សន៍ហង្សមាស ដោយស្ថាប័នហង្សមាស ក៏ត្រូវរៀបចំការប្រកួត Miss Global Cambodia នៅខែតុលា ខាងមុខ ដើម្បីស្វែងរកបេក្ខនារី តំណាងឲ្យកម្ពុជាមួយរូប ដើម្បីចូលប្រលងសម្រស់ ក្នុងព្រឹត្តិការណ៍នេះ ជាមួយ Miss Global មកពីប្រទេសផ្សេងៗ លើពិភពលោក។
មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៍ បានស្នើឲ្យគណកម្មការ Miss Global ពិភពលោក ដែលបានសម្រេចជ្រើសរើសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ជួយផ្សព្វផ្សាយពីប្រាសាទអង្គរវត្ត និងប្រាសាទព្រៃគុគ ដើម្បីឲ្យពិភពលោកកាន់តែស្គាល់ ពីវប្បធម៌របស់កម្ពុជា។
គណកម្មការរៀបចំ បានស្នើឲ្យបេក្ខនារីដែលមានសម្រស់ស្រស់ស្អាត និងចំណេះដឹងល្អ ធ្វើការដាក់ពាក្យប្រកួត Miss Global Cambodia នៅខែតុលានេះ ឲ្យបានច្រើន ដើម្បីឲ្យកម្ពុជាមានជម្រើសកាន់តែល្អ ក្នុងការប្រកួតប្រជែង Miss Global International 2017 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីដើមខែវិច្ឆិកា និងបញ្ចប់ការបំពាក់ម្កុដ នៅសាលមហោស្រពកោះពេជ្រ នៅថ្ងៃទី១៨ ក្នុងខែដដែល៕
Post a Comment