មន្ត្រី៖ ករណីបក្សប្រឆាំងត្រូវរំលាយក្រុមប្រឹក្សា ឃុំ សង្កាត់ ស្រុក ខេត្ត រាជធានី និងសមាជិកសភា ព្រឹទ្ធសភារបស់បក្សនេះនឹងត្រូវរំលាយ
ភ្នំពេញៈ ខណៈដែលមជ្ឈដ្ឋានជាច្រើនបានដាក់ការព្រួយបារម្ភថាការចាប់ខ្លួនលោក កឹម សុខា អាចជាដំណើរជាក់ស្តែងមួយឆ្ពោះទៅរំលាយគណបក្សប្រឆាំងទៅតាមច្បាប់ស្តីពីគណបក្សនយោបាយដ៏ចម្រូងចម្រាសដែលទើបតែត្រូវបានធ្វើវិសោធនកម្ម មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានព្រមានថា ក្នុងករណីគណបក្សប្រឆាំងត្រូវរំលាយ ក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខេត្ត រាជធានី និងសមាជិករដ្ឋសភា ព្រឹទ្ធសភាទាំងអស់របស់គណបក្សនេះក៏នឹងត្រូវរំលាយចោលផងដែរ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា ប្រសិនបើគណបក្សសង្គ្រោះជាតិចេញមុខការពារលោក កឹម សុខា ដែលត្រូវបានចាប់ខ្លួនដោយពាក់ព័ន្ធនឹងអំពើ «ក្បត់ជាតិ» នោះវាសនាគណបក្សនេះ និងសមាជិករបស់ខ្លួនដែលជាក្រុមប្រឹក្សា ឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត រាជធានី និងសមាជិករដ្ឋសភា ព្រឹទ្ធសភា រាប់ពាន់នាក់ដែលកំពុងនៅក្នុងតំណែងនៅទូទាំងប្រទេសគឺនឹងត្រូវរំលាយចោលទៅតាមគ្នាដែរ។
លោក សុភ័គ ព្រមានថា៖ «ទុកឲ្យតុលាការជាអ្នកសម្រេចពាក់ព័ន្ធអីខ្លះ បើគណបក្សពាក់ព័ន្ធត្រូវតែប្តឹងរំលាយគណបក្សហ្នឹងចោល ហើយបើរំលាយគណបក្សហ្នឹងទៀត វាអស់រលីង។
លោកបានលើកឡើងថា បើសិនគណបក្សសង្គ្រោះជាតិចេញមុខការពារលោក កឹម សុខា គណបក្សនឹងត្រូវរំលាយគ្រប់ជាន់ថ្នាក់។ «និយាយតាមត្រង់ទៅបើគណបក្សការពារបន្តទៅទៀតវាកាន់តែវែងឆ្ងាយហើយ វាទៅជារំលាយបក្ស។ បើរំលាយបក្សវាអស់រលីងហើយ អស់តាំងពីក្រុមប្រឹក្សាឃុំសង្កាត់អស់ទាំងពីក្រុមប្រឹក្សាស្រុក ខណ្ឌ អស់តាំងពីសមាជិករដ្ឋសភា ព្រឹទ្ធសភាអានេះបើបក្សគាត់ការពារ។ បើគាត់ (កឹម សុខា) ខុស ខុសតែគាត់ទៅ តែបើថាទេអាហ្នឹងបក្សខ្ញុំធ្វើអាហ្នឹងវាទៅទាំងប៉ីទាំងទ្រហើយ»។
លោក សម គន្ធាមី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា (NICFEC) ក៏បានអះអាងដែរថាផ្អែកតាមច្បាប់សមាជិកក្រុមប្រឹក្សាទាំងអស់គ្រប់ជាន់ថ្នាក់រហូតដល់សមាជិករដ្ឋសភា និងព្រឹទ្ធសភារបស់គណបក្សសង្គ្រោះជាតិគឺត្រូវរលាយដោយស្វ័យប្រវតិ្តទៅតាមគណបក្សដែរប្រសិនបើគណបក្សនេះត្រូវបានគេរំលាយ។
លោក សម គន្ធាមី បាននិយាយថា៖ «ក្រុមប្រឹក្សាមេឃុំហ្នឹងគាត់ចេញពីគណបក្ស ហើយបើអត់មានគណបក្សហ្នឹងគាត់ក៏អត់មានអាសនៈដែរ។ កាលណាអស់គណបក្ស គាត់ក៏អស់តួនាទីពីតំណាងរាស្ត្រដែរ។ គាត់អត់មានបក្សព្រោះបក្សគេរំលាយហើយ»។
ទោះជាយ៉ាងណាអនុប្រធានគណបក្សសង្គ្រោះជាតិលោក ប៉ុល ហំម ដែលត្រូវបានគេរាយការណ៍ថាស្ថិតនៅក្នុងបញ្ជីដែលនឹងត្រូវចាប់ខ្លួនបន្ទាប់ទៀតនោះហាក់ដូចជាមិនចាប់អារម្មណ៍នឹងការបន្តប៉ុនប៉ងរំលាយគណបក្សប្រឆាំងដែលមានអ្នកគាំទ្រជាង ៣ លាននាក់នេះទេដោយនិយាយថា បើគណបក្សសង្គ្រោះជាតិត្រូវគេរំលាយគឺគណបក្សមិនតតាំងអ្វីទេទុកឲ្យគេធ្វើតាមចិត្តចុះ។
លោក ប៉ុល ហំម បាននិយាយហាក់បីដូចជាមិនខ្វល់ថា៖ «យើងអត់មានផែនការទៅតតាំងតទល់ដើម្បីការពារលោក កឹម សុខា គឺអត់ទេ។ បើបានគេ (រំលាយ) ក៏ស្រួលដែរធ្វើម៉េចមុខតែចង់ឈប់ស្រាប់ផង ខ្ញុំអត់មានតតាំងអីទេ។ ឥឡូវនេះយើងធ្វើក្នុងក្របខ័ណ្ឌគណបក្សអ្នកណាបបួលខ្ញុំធ្វើផ្ទុយនឹងក្របខ័ណ្ឌគណបក្ស ខ្ញុំអត់ធ្វើ។ ឥឡូវបើគេមិនឲ្យធ្វើសកម្មភាពមិនឲ្យជួបជុំ យើងក៏អត់ជួបជុំដែរធម្មតាខ្ញុំកំពុងចង់ទៅវត្តស្រាប់ផងចាស់ហើយ»។
លោក កឹម សុខា ត្រូវកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាលឆ្មក់ចូលចាប់ខ្លួនទាំងយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ៣ ខែកញ្ញាហើយត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ។
ភ្លាមៗបន្ទាប់ពីការចាប់ខ្លួននេះគណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយដោយបានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា និងបានទាមទារឲ្យរដ្ឋាភិបាលដោះលែងលោក កឹម សុខា វិញជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។
ជាមួយគ្នានេះ សហគមន៍អន្តរជាតិជាច្រើនរួមមានទាំងអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងអូស្ត្រាលីផងដែរបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួនមេបក្សប្រឆាំងទាំងតក់ក្រហល់នេះ។
ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក ហ្សេត រ៉ាអាត អាល់ហ៊ូសសេន (Zeid Ra'ad Al Hussein) កាលពីថ្ងៃចន្ទបានចេញសេចក្តីថ្លែងការណ៍មួយដោយបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួន លោក កឹម សុខា ដែលលោកថាទំនងជាត្រូវបានអនុវត្តដោយពុំមានការគោរពចំពោះការធានាតាមនីតិវិធីត្រឹមត្រូវរាប់ទាំងការមិនគោរពអភ័យឯកសិទិ្ធសភារបស់លោក សុខា ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំក៏មានកង្វល់ផងដែរថា សេចក្តីថ្លែងការណ៍ជាសាធារណៈជាច្រើនដោយលោកនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មួយចំនួនអំពីពិរុទ្ធភាពដែលអាចមានរបស់លោក សុខា បំពានលើការសន្មតជាមុនថាគ្មានទោស និងសិទ្ធិទទួលបានការជំនុំជម្រះប្រកបដោយយុត្តិធម៌ដែលគាត់មានសិទ្ធិទទួលបានក្រោមច្បាប់សិទ្ធិមនុស្សកម្ពុជា និងអន្តរជាតិ»។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ទៀតថា ការចាប់ខ្លួនលោក សុខា គឺជារឿងដែលគួរឲ្យព្រួយបារម្ភថែមទៀតព្រោះថាការចាប់ខ្លួននេះកើតមាននៅចំពេលមានវិធានការថ្មីៗជាច្រើនទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។
វិធានការទាំងនេះបាននាំឲ្យមានការបិទអង្គការមិនមែនរដ្ឋាភិបាលបរទេសមួយហើយបានមានគោលដៅលើក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយនានាដែលរួមមានស្ថានីយវិទ្យុជាច្រើន និងកាសែតឯករាជ្យឌឹខេមបូឌា ដេលី។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនធ្វើអត្ថាធិប្បាយលម្អិតទេ គ្រាន់តែបញ្ជាក់ថាបើតុលាការរកឃើញថាគណបក្សនោះមានពាក់ព័ន្ធធ្ងន់ធ្ងរដល់សន្តិសុខជាតិហើយត្រូវរំលាយនោះគឺសមាជិកក្រុមប្រឹក្សាគ្រប់លំដាប់ថ្នាក់ និងសមាជិកសភាព្រឹទ្ធសភារបស់បក្សនេះក៏ត្រូវរំលាយដែរ។
ប៉ុន្តែលោក ពុទ្ធា បញ្ជាក់ថា៖ «ជាទិដ្ឋភាពផ្លូវច្បាប់អ្វីដែលជាប្រជាពលរដ្ឋបោះឆ្នោតហើយ វាអត់ប្រតិសកម្មធាក់ថយក្រោយទេ ពីព្រោះពួកគាត់ត្រូវបានបោះឆ្នោតដោយប្រជាពលរដ្ឋអ៊ីចឹងគាត់នៅរហូតដល់ដាច់អាណត្តិ»។
ទោះជាយ៉ាងណាលោកបន្ថែមថា លោកនឹងពិភាក្សាបន្ថែមជាមួយក្រុមអ្នកច្បាប់ទៅលើករណីនេះ៕
Post a Comment