Header Ads

ចៅសង្កាត់អូរចាររបស់ CNRP ​ត្រូវបុរសម្នាក់តឿនឲ្យប្រកាសទ្រព្យសម្បត្តិ តែ​នាងតបវិញ....


កាល​ពី​សប្ដាហ៍​មុន អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ហៅ​កាត់​ថា ACU បាន​ចេញ​សេក្ដី​ជូន​ដំណឹង​មួយ​ ដោយ​តម្រូវ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ ចៅ​សង្កាត់​​ទាំង​អស់​​ត្រូវ​ប្រកាស​​ទ្រព្យ​សម្បត្តិ និង​បំណុល​ក្នុង​រយៈពេល​មួយ​ខែ​បន្ទាប់​ពី​ឡើង​កាន់​អំណាច​។
ក្នុង​សេចក្ដី​ជូន​ដំណឹង​នោះ​សរសេរ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (អ.ប.ព) មាន​កិត្តិយស​​សូម​​ជូន​ដំណឹង​ដល់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី ៤ ​ទាំង​ ២៥​រាជធានី-ខេត្ត ឲ្យ​បាន​ជ្រាប​ថា អ.ប.ព​ នឹង​រៀប​ចំ​កម្មវិធី​​ឲ្យ​មាន​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​ក្នុង​រយៈ​ពេល ៣០​ថ្ងៃ ក្រោយ​ពី​ចូល​កាន់​មុខ​តំណែង​ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី ១៥​ ខែ​កក្កដា ដល់​ថ្ងៃ​ទី ១៥ ខែ​សីហា ឆ្នាំ ២០១៧ និង​ធ្វើ​កិច្ច​សហការ​ជាមួយ​ក្រុម​ជន​បង្គោល​ប្រឆាំង​​អំពើ​ពុក​រលួយ ផ្នែក​មន្ត្រី​រដ្ឋបាល​ស៊ីវិល​របស់​រាជធានី-ខេត្ត​នៃ​ក្រសួង​មហាផ្ទៃ​ពាក់​ព័ន្ធ​នឹង​ការ​ងារ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល។
បន្ទាប់​ពី​ឃើញ​សេចក្តី​​ប្រកាស​នេះ​ ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន​ដែល​មាន​ទំនោរ​ទៅ​កាន់​បក្ស​កាន់​អំណាច តែង​តែ​ត្រូវ​គេ​ឃើញ​ចូល​សួរ​បែប​ឌឺដង​ផ្ចាញ់​ផ្ទាល់​នៅ​លើ​គណនី​ហ្វេស​ប៊ុក​របស់​ចៅ​សង្កាត់​វ័យ​ក្មេង​កំពុង​លេច​ធ្លោ​កញ្ញា ស៊ិន​ ចាន់​ពៅ​រ៉ូហ្សេត ជា​បន្ត​បន្ទាប់។
បើ​យើង​ងាក​ទៅ​មើល​​ខាង​ក្រោយ​បន្តិច​ ចៅ​សង្កាត់​អូរចារ​ ក្រុង​បាត់​ដំបង​ខាង​លើ ក៏​ធ្លាប់​ត្រូវ​​មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស​ប្រជាជន និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​បាត់​ដំបង​ផ្ទាល់ លោក​ ឈាង វុន រិះគន់​ដែរ រឿង​​យក​ថវិកា​ជាតិទៅ​ចាក់​ដី​គ្រួស​ធ្វើ​ផ្លូវ តែ​ចោទ​ថា​​ធ្វើ​លំៗ មិន​​មាន​គុណ​ភាព​ មិន​បម្រើ​រាស្ត្រ​ពិត​ប្រាកដ តែ​ត្រូវ​មេឃុំ​តូច​ច្រឡឹង​ដដែល​ឆ្លើយ​តប​វិញ​ថា ថវិកា​ជាតិ​ខ្លួន​ពុំ​ទាន់​ទទួល​ទេ តែ​ជា​លុយ​សប្បុរសជន​ជួយ​​ទៅ​វិញ​ទេ រឿង​រ៉ាវ​ក៏​ស្ងាត់​ទៅ​វិញ។


 រឿង​មួយ​ទៀត ​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​​ចង់​ដឹង គឺ​បន្ទាប់​ពី​ឃើញ​កញ្ញា​ថត​រូប​​ជិះ​រថយន្ត ខណៈ​ទើប​ឡើង​កាន់​តំណែង​​បាន​រយៈពេល ៤ថ្ងៃ ថា កញ្ញា ​រ៉ូហ្សេត បាន​រថយន្ត​មក​ពី​ណា ប៉ុន្តែ​កញ្ញា​ប្រាប់​វិញ​​ថា ​ជា​លទ្ធភាព​ខ្លួន​ឯង ជា​អ្នក​ទិញ​សុទ្ធសាធ។
ចំណែក​នៅ​ល្ងាច​​មិញ កញ្ញា រ៉ូហ្សេត​ ​បាន​បង្ហោះ​​សារ​ត្រៀម​ខ្លួន​ចូល​រួម​កម្មវិធី​​របស់​​វិទ្យុ VOA និង​ឲ្យ​អ្នក​គាំ​ទ្រ​រង់​ចាំ​ស្ដាប់​ដោយ​សរសេរ​ថា «ខ្ញុំ​ក្នុង​កម្ម​វីធី VOA នា​រា​ត្រី​នេះ..! សូម​បង​ប្អូន​ជន​រួមជាតិ​ ពិសេស​មិត្ត​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក រង់ចាំ​ស្តាប់​ទាំង​អស់​គ្នា នៅ​វេលា​ម៉ោង៨៖៣០នាទី នារាត្រីនេះ ខ្ញុំ​នឹង​ធ្វើ​ជា​ភ្ញៀវ​កិត្តិយស​VOA។ ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៧»។
សារ​ទាំង​នេះ បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ Samber Hem ​បាន​​ដាស់​តឿន​ក្រើន​រម្លឹក​​រឿង​ខុស​ប្រធាន​បទ​​ដែល​នាង​សរសេរ​​បង្ហោះ​ពេល​នេះ​​ទៅ​វិញ​ថា «កុំ​ភ្លេច​ប្រកាស​ទ្រព្យ​សម្បត្តិ និង​ចំណូល​ចំណាយ​ផង​ណា​ចៅ​សង្កាត់​អូរចារ​»។ តែ​ត្រូវ​កញ្ញា​ចៅ​សង្កាត់​ឆ្លើយ​តប​​ទាំង​ផ្អែម​ស្រទន់ បែប​គោរព​ចាស់​ទុំ​វិញ​ថា «ចា៎ អរគុណ​បង​ប្រុស! ខ្ញុំ​ប្រកាស​ពីរ​ដង​ហើយ»។ ទោះ​យ៉ាង​ណា​ សំណួរ​មួយ​នេះ​​ត្រូវ​បាន​អ្នក​គាំទ្រ​កញ្ញា​ចាត់​ទុក​ថា​ ជា​សំណួ​រ​​តាម​ឈ្នា​នីស។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ទៀត​តប​ថា «ម៉េច​ខ្លាច​គេ​លួច​ដូច​ខ្លួ​ន​មែន​ទេ? ទៅប្រាប់​មន្ត្រី​ CPP​ ផង​ទៅ​ ប្រាក់​ខែ​តែ​បន្តិច​បន្តួច ​តែ​មាន​វីឡា ​ឡាន​ ទំនើបៗ តើ​បាន​លុយ​ពី​ណា​មក កុំ​ពូកែ​ឈ្នានីស​គេពេក​»៕

No comments