Header Ads

ស្លាក​លេខ​ចាស់​អាច​ដូរ​យក​ផ្លាកលេខ​រថយន្ត​ថ្មី​មាន​QR Code តែ​ត្រូវ​ចំណាយ​៦៥០០០​រៀល​

  •      មិនចាំបាច់​ប្ដូរ​ទេ អាច​ប្រើប្រាស់​បាន​រហូត​មានការ​ជូនដំណឹង​ជាថ្មី​
  •     បើ​ស្ម័គ្រចិត្ត​ប្ដូរ​ថ្មី ត្រូវ​ចំណាយ​សេវា​ផ្លូវការ ៦៥០០០​រៀល​
  •     QR Code ផ្ទុក​ព័ត៌មាន​ទាក់ទង​យានយន្ត មិនមែន​អ​សយ​ដ្ឋា​ន​ម្ចាស់​

​ចាប់ពី​ខែកក្កដា​នេះ​ទៅ គ្រប់​ផ្លាកលេខ​រថយន្ត​ថ្មី នឹងមាន​អ៊ុត​ភ្ជាប់ QR Code ដើម្បី​បញ្ចូល​ព័ត៌មាន​យានយន្ត ងាយស្រួល​ក្នុង​ការទិញ​បន្ត និង​ការពារ​ការ​ក្លែងបន្លំ​ផ្លាកលេខ​។ ចំពោះ​ផ្លាកលេខ​រថយន្ត​ចាស់ មិនចាំបាច់​ប្ដូរ​ថ្មី​ឡើយ គឺអាច​បន្ត​ប្រើប្រាស់​បាន រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។​
ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានបញ្ជាក់​តាមរយៈ​ទំព័រ Facebook​ថា ផ្លាកលេខ​រថយន្ត​ចាស់ មិនចាំបាច់​ប្ដូរ​ថ្មី​ទេ ព្រោះ​ក្រសួង​បានគិត​គូរ​មិន​ចង់​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។ ក្រសួង​កំពុង​សិក្សា​ការដាក់ QR Code​នេះ លើ​ផ្លាកលេខ​ចាស់​ដោយ​ឥតគិតថ្លៃ​។ ដូចនេះ ម្ចាស់​យានយន្ត​ទាំងអស់ អាច​បន្ត​ប្រើប្រាស់​លេខ​ចាស់ រហូតដល់​មាន​សារាចរ​ណែនាំ និង​ការជូនដំណឹង​ជាថ្មី​។​

​យ៉ាងណាក្ដី ចំពោះ​ម្ចាស់​យានយន្ត​ដែលមាន​ផ្លាកលេខ​ចាស់ ហើយ​ចង់​ប្ដូរ​ថ្មី ដោយ​អ៊ុត​ភ្ជាប់ QR Code អាច​ស្ម័គ្រចិត្ត​ធ្វើបាន តែ​ត្រូវ​ចំណាយ​ថ្លៃ​សេវា​ផ្លូវការ ៦៥០០០​រៀល​។ ការប្ដូរ​ថ្មី ត្រូវមាន​ឯកសារ​ភ្ជាប់​ដូចជា ប័ណ្ណ​សម្គាល់​យានយន្ត ផ្លាកលេខ​ចាស់ និង​រថយន្ត ព្រមទាំង​អត្តសញ្ញាណប័ណ្ណ​។

QR Code នៅលើ​ផ្លាកលេខ​រថយន្ត​ថ្មី​មាន ផ្ទុក​ព័ត៌មាន​ពាក់ព័ន្ធ​ជាមួយ​យានយន្ត​ដូចជា ប្រភេទ​រថយន្ត ប្រភេទ​ម៉ាស៊ីន លេខ​សម្គាល់​យានយន្ត ឆ្នាំ​ផលិត​ជាដើម ។ ព័ត៌មាន​នៅក្នុង QR code ពុំមាន​បញ្ចូល​អាសយដ្ឋាន​របស់​របស់​ម្ចាស់​យានយន្ត​នោះឡើយ​។ ផ្លាកលេខ​រថយន្ត​ថ្មី​នេះ ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​នៅពេល​ទិញ​យានយន្ត​ត​ពីគ្នា​ងាយស្រួល ដើម្បី​ដឹង​ពី​ព័ត៌មាន​ជុំវិញ​យានយន្ត​នោះ កុំឱ្យ​អ្នកលក់​ចេះតែ​ថា​ស៊េរី​នេះ​ស៊េរី​នោះ បោកប្រាស់​អ្នកទិញ​។​


គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី ០១ ខែមិថុនា កន្លងទៅ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ បានប្រកាស​ជា​ផ្លូវការ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លាកលេខ​មាន QR code ដើម្បី​បង្ការ​កុំឱ្យ​មាន​ករណី​អ្នកធ្វើ​ផ្លាកលេខ​ក្លែងក្លាយ​បោកប្រាស់​ប្រជាពលរដ្ឋ និង​ងាយស្រួល​ទិញ​-​លក់​។ ឯកឧត្ដម បានឱ្យដឹង​ដែរ​ថា ផ្លាកលេខ​ទំនើប​នេះ គឺ​មានតែ​ប្រទេស​កម្ពុជា ប៉ុណ្ណោះ​ជា​អ្នកបង្កើត​ឡើង​ដំបូង​គេ​៕

No comments