លោក កឹម សុខា អាចនឹងដោះលែងនៅសប្តាហ៍ក្រោយ ?
ខាងលើនេះ ជាការលើកឡើងនិងក្តីសង្ឃឹមរបស់ប្រធានអង្គការសង្គមស៊ីវិលមួយចំនួន ក្រោយពេលព្រះមហាក្សត្រលើកលែងទោសសមាជិកព្រឹទ្ឋសភាមកពីគណបក្សសម រង្ស៊ី គឺលោក ហុង សុខហួរ តាមសំណើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីថ្ងៃម្សិលមិញ ។
នាយិកាប្រតិបត្តិនៃអង្គការសីលា លោកស្រី ធីតា ឃិះ សង្ឃឹមថា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អាចនឹងដោះលែងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព សំពះព្រះខែនិងអកអំបុកនៅសប្តាហ៍ក្រោយ ។
បើតាមលោកស្រីដែលត្រូវបាន RFA ស្រង់សម្តីចុះផ្សាយនៅថ្ងៃទី២៦ ខែតុលា ការដោះលែងនេះ ជាសញ្ញាល្អសម្រាប់ការដោះស្រាយវិបត្តិនយោបាយបច្ចុប្បន្ន។
មិនអាចរកការសុំអត្ថាធិប្បាយបានទេពីអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៍ដូចជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ។
យ៉ាងណាក៍ដោយ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនាពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលហៅមេបក្សប្រឆាំងដែលសំដៅទៅលោក កឹម សុខា ថាជាជនក្បត់ជាតិ និងមិនអាចអត់ឱនឲ្យបានទេ ។
ការលើកឡើងរបស់លោកស្រី ធីតា ឃិះ ខាងលើ បានធ្វើឡើងស្របពេលដែលគណៈកម្មការថ្នាក់ជាតិសម្រាប់បន្ឋូរបន្ថយនិងលើកលែងអ្នកទោសបាននិងកំពុងពិភាក្សាសម្រេចបន្ឋូរបន្ថយទោសទណ្ឌិត៤២១នាក់ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព សំពះព្រះខែនិងអកអំបុកដែលតាមប្រតិទិននឹងប្រព្រឹត្តធ្វើនៅថ្ងៃទី០២-០៣និងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ ។
បើគ្មានការប្រែប្រួលទេ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ដែលចំនឹងថ្ងៃប្រសូតរបស់ព្រះបរមរតនកោដ្ឋ (សម្តេចឪនរោត្តមសីហនុ) តុលាការកំពូលនឹងបើកសវនាការលើបណ្តឹងសារទុក្ខរបស់មេធាវីលោក កឹម សុខា ប្រឆាំងនឹងការឃុំខ្លួនមេបក្សប្រឆាំងរូបនេះ ។
បើយោងតាមលិខិតអញ្ជើញលោក សំ សុគង់ មេធាវីការពារក្តីលោក កឹម សុខា របស់មហាអយ្យការអមតុលាការកំពូល ចុះថ្ងៃទី១៩ ខែតុលា និងចុះហត្ថលេខាដោយអគ្គព្រះរាជអាជ្ញារង លោក អ៊ុក គឹមសិទ្ឋិ បានបញ្ជាក់ឲ្យដឹងទៀតថា សមាសភាពក្រុមប្រឹក្សាជំនុំជម្រះនៅព្រឹកថ្ងៃទី៣១ តុលានោះរួមមាន៖លោក ឃឹម ប៉ុណ្ណ ជាប្រធាន ,លោក សាលី ធារ៉ា ,លោក ទី ណេង ,លោក សេង នាង ,លោក អឿង សៀង ជាចៅក្រមប្រឹក្សានៃក្រុមប្រឹក្សាជំនុំជម្រះ ។
ក្រុមមេធាវីការពារឲ្យប្រធានគណបក្សសង្គ្រោះជាតិ បានសម្រេចចិត្តដាក់បណ្ដឹងសារទុក្ខ ប្រឆាំងសាលដីកាសាលាឧទ្ធរណ៍ ដែលតម្កល់ដីកាសម្រេចឃុំខ្លួនលោក កឹម សុខា របស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល។ នៅថ្ងៃសវនាការ មុនអង្គសេចក្ដី កាលពីថ្ងៃទី ២៦ ខែ កញ្ញា ក្រុមមេធាវីរបស់លោក កឹម សុខា បានដើរចេញពីបន្ទប់សវនាការនៃសាលាឧទ្ធរណ៍ព្រមគ្នា ដោយសារការជំនុំជម្រះនៅពេលនោះ ពុំមានវត្តមានមេបក្សប្រឆាំងចូលរួម។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅម៉ោងជាង ១២រំលងអធ្រាត្រចូលថ្ងៃទី៣ កញ្ញា គឺប្រមាណជាង ៣ម៉ោងបន្ទាប់ពីសារព័ត៌មាន ហ្វ្រែសញូវ (Fresh News) ដែលគាំទ្ររដ្ឋាភិបាល បានផ្សព្វផ្សាយវីដេអូ ឃ្លីបទទួលបានពីម្ចាស់ហ្វេសប៊ុក (Facebook) ឈ្មោះកូនខ្មែរ ដែលសារព័ត៌មានមួយនេះអះអាងថាជារបស់លោក កឹម សុខា។
វីដេអូឃ្លីបមានរយៈពេលជាង ១៣នាទីដែលសារព័ត៌មានហ្វ្រែសញូវផ្សព្វផ្សាយនេះ ត្រូវបានបណ្ដាញសារព័ត៌មានមួយនេះអះអាងថា គឺជាវីដេអូដែលលោក កឹម សុខា បានថ្លែងនៅប្រទេសអូស្ត្រាលី តាំងពីខែធ្នូ ឆ្នាំ២០១៣ ពោលគឺ ៥ខែក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥៕
Post a Comment